ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស បណ្ឌិតគណិតវិទ្យាទី១ និង បិតាប្រជាធិបតេយ្យកម្ពុជា

ស្តង់ដា

«ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស» (១៩១៣-១៩៤៧)

ដកស្រង់ពី៖ ប្រវត្តិសាស្ត្រ កម្ពុជា និង វរជនខ្មែរ ដោយ សាគូ សាម៉ុត

11392963_977418938964441_7785342769563780253_n

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស កើតនៅឆ្នាំ១៩១៣ នៅក្រុងភ្នំពេញ។ ព្រះបិតានាម ចំរើន វង្ស ត្រូវជាចៅ ព្រះអង្គភឹម ព្រះមាតានាម យុភិផន ជាចៅ ព្រះបាទ ស៊ីសុវត្ថិ។

ព្រះអង្គ បានធ្វើការសិក្សា បឋមសិក្សា និង មធ្យមសិក្សា នៅភ្នំពេញ និង ក្រុងព្រៃនគរ។ បន្ទាប់មក ព្រះអង្គបានសិក្សា ឧត្តមសិក្សា នៅ មហាវិទ្យាល័យ វិទ្យាសាស្ត្រ MONTPELLIER ស្រុកបារាំង។ ព្រះអង្គ បានទទួល សញ្ញាបត្រ «បណ្ឌិតរដ្ឋ គណិតវិទ្យា» នៅឆ្នាំ១៩៤១។ ព្រះអង្គ មានមហេសី ជាស្ត្រីជាតិបារាំងសែស និង ចូលធ្វើជា សកម្មជន នៃគណបក្ស សង្គមនិយមបារាំង (SFIO)។ ទ្រង់ យុត្តិវង្ស បានវិលត្រឡប់ ចូលកម្ពុជា នៅខែមិថុនា ១៩៤៦ និង បានជាប់ឆ្នោត ជាប្រធាន «គណបក្ស ប្រជាធិបតេយ្យ» ដែលទើបនឹងបង្កើត នៅខែមេសា ១៩៤៦ ដោយ លោក ស៊ឹម វ៉ា, ឈាន វ៉ន, អៀវ កើស។

ប្រទេសកម្ពុជា បានប្រើពហុបក្ស រហូតដល់ ឆ្នាំ១៩៥៥ ជាឆ្នាំបង្កើត «សង្គមរាស្ត្រនិយម» ដោយ សម្ដេច សីហនុ។ នៅថ្ងៃទី១ កញ្ញា ១៩៤៦ មានការបោះឆ្នោត សភាធម្មនុញ្ញ ជាលើកទី១ នៅកម្ពុជា ដែល មិនដែលមានសោះ នៅប្រទេសនេះ។ ក្នុងចំនួន ៦៧ អាសនៈ នៅសភា គណបក្ស ប្រជាធិបតេយ្យ បានទទួល ៥០ អាសនៈ។ ទ្រង់ យុត្តិវង្ស ជាស្ថាបនិកម្នាក់ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យ មហាក្សត្រ សីហនុ ប្រកាសឲ្យប្រើ នៅថ្ងៃទី៦ ឧសភា ១៩៤៧ «ប្រទេសកម្ពុជា ជាប្រទេស រាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ»។ ជា គណបក្ស ឈ្នះឆ្នោត ស៊ីសុវត្ថិ យុត្តិវង្ស ត្រូវបាន តែងតាំងជា នាយករដ្ឋមន្ត្រី ពីថ្ងៃទី១៥ ធ្នូ ១៩៤៦ ដល់ថ្ងៃទី២៤ *(ខុស?)* កក្កដា ១៩៤៧។ ទ្រង់ យុត្តិវង្ស បានចរចារជាមួយ បារាំង ជាច្រើនលើក ដែលអនុញ្ញាតិឲ្យបារាំង ផ្ដល់ដល់កម្ពុជា នូវ «លក្ខន្ដិកៈ រដ្ឋស្វ័យត នៅក្នុងសភាបារាំង»។

ទ្រង់ យុត្តិវង្ស បានចូលទីវង្គត នៅថ្ងៃទី១១ សីហា *(ខុស?)* ១៩៤៧ ដោយ «ជំងឺ» តែមតិខ្លះនិយាយថា «សុគតទាន់ហន់» របៀបនេះ បង្កើតឲ្យមានការសង្ស័យ។ ស៊ីសុវត្ថិ យុត្តិវង្ស ជាក្សត្រាខ្មែរម្នាក់ ជាវរជន ជាបញ្ញវន្ត មានប្រាជ្ញាវាងវៃ ដែលពិបាករក ក្សត្រា-ក្សត្រី ណា មកប្រៀបនឹងព្រះអង្គ បានឡើយ៕

…..

សេចក្ដីបន្ថែមពីខ្ញុំ៖

ទ្រង់ ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅ អតីតរាជធានី ក្រុងឧត្តុង្គមានជ័យ ក្នុងឆ្នាំ១៩១៣។ ព្រះអង្គ ជាខ្មែរទី១ ដែលទទួលបាន សញ្ញាបត្រ បណ្ឌិតគណិតវិទ្យា។ ព្រះអង្គ ត្រូវបានគេ ចាត់ទុកថា ជា «បិតាប្រជាធិបតេយ្យកម្ពុជា» ដោយសារ ព្រះអង្គ ជាប្រធានទី១ របស់ គណបក្ស ប្រជាធិតេយ្យ ដែលទើបនឹង បង្កើតថ្មី ហើយឈ្នះឆ្នោត ព្រះអង្គក្លាយជា នាយករដ្ឋមន្ត្រីទី៤ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយព្រះអង្គ ជាស្ថាបនិក រដ្ឋធម្មនុញ្ញកម្ពុជា។

ឯកសារដទៃ សរសេរថា ព្រះអង្គ កាន់តំណែង ជានាយករដ្ឋមន្ត្រី ពីថ្ងៃទី១៥ ធ្នូ ១៩៤៦ ដល់ថ្ងៃទី១៥ កក្កដា ១៩៤៧ ហើយ ព្រះអង្គ បានសោយទិវង្គត នៅមន្ទីរពេទ្យ កាល់ម៉ែត ភ្នំពេញ នាថ្ងៃទី១៧ កក្កដា ១៩៤៧ ពីរថ្ងៃក្រោយលាលែង ពីតំណែង នាយករដ្ឋមន្ត្រី ដែលត្រូវបានបន្តដោយ ស៊ីសុវត្ថិ វត្តឆាយាវង្ស។ ព្រះអង្គ មានព្រះយសជា «អ្នកអង្គម្ចាស់»។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ទ្រង់រៀបអភិសេកជាមួយ នាង Dominique Lavergne ជាស្ត្រីបារាំង និងមានបុត្រី២អង្គ គឺ ស៊ីសុវត្ថិ កន្ធារ៉ា (១៩៤៥ -) និង ស៊ីសុវត្ថិ លីណានដា (១៩៤៦ -)៕

បញ្ចេញមតិ