សុចិត្ត វង្សទេស៖ សិលាចារឹក មិន​បាន​បង្កើត ​ឲ្យ​មនុស្ស​អាន ព្រោះ​មនុស្ស​ទូទៅ សម័យ​នោះ សរសេរ​មិន​បាន អាន​មិន​ចេញ

Standard

សុចិត្ត វង្សទេស៖ សិលាចារឹក មិនបានបង្កើត ឲ្យមនុស្សអាន ព្រោះមនុស្សទូទៅ សម័យនោះ សរសេរមិនបាន អានមិនចេញ

e0b8ade0b8b2e0b899e0b8b8e0b8a0e0b8b2e0b89ee0b89ee0b988e0b8ade0b88ae0b8b8e0b899e0b8a3e0b8b2e0b8a1e0b884e0b8b3e0b981e0b8abe0b887

«អានុភាពស្ដេចរាមកំហែង» ដែលមានភាគបញ្ចប់ ជម្រុញទឹកចិត្តស្នេហាជាតិ (ថៃ) ជាការតាក់តែងរបស់ ពលត្រី ហ្លួងវិចិត្រវាទការ (កិមលៀង វឌ្ឍនប្រឹតា ឬ វិចិត្រ វិចិត្រវាទការ) សម្ដែងលើកដំបូង នៅឆ្នាំ ២៤៩៧ (គ.ស. ១៩៥៤) សម័យរដ្ឋបាល ចមពល ប្លែក ពិបូលសង្គ្រាម។ មុននោះ ហ្លួងវិចិត្រវាទការ ធ្លាប់តែងបទភ្លេង តន្ត្រីប្រវត្តិសាស្ត្រ បោះពុម្ពផ្សាយ ព.ស. ២៤៨២ (គ.ស. ១៩៣៩) មានផ្នែកមួយពោលថា «ឈាមរបស់ថៃ ចូលលាយខ្មែរ, ធ្វើឲ្យកេរ្ដិ៍ថៃ បានប្រសើរ, ឈាមខ្មែរលាយថៃ ឆ្ងាយចាកដើម, ថៃច្រើនលាយខ្មែរ ក្លាយជាថៃពិត»

បទវិភាគដោយ៖ សុចិត្ត វង្សទេស

មតិជនអនឡាយន៍, ១៨ មករា ២០១៧

អត្ថបទដើម (ភាសាថៃ)៖ www.matichon.co.th/news/432572

បកប្រែជាខ្មែរដោយ៖ សុខុន រេនី, ១៩ មករា ២០១៧

«សិលាចារឹក គឺជាប្រកាស» អ្នកប្រាជ្ញគ្រូបាអាចារ្យថៃ បានបង្រៀនអប់រំបន្តគ្នា មកយ៉ាងនេះ យូរលង់ណាស់ មកហើយ និងបានយល់ស្រប គោរពយក ជាទីបញ្ចប់តាមនោះ ដោយមិនមានចោទ ជាសំណួរណាឡើយ រួចថែមទាំង ប្រើប្រាស់ក្នុង ប្រព័ន្ធអប់រំបង្រៀន ទូទាំងប្រទេស ទៅទៀត។ ប៉ុន្តែ ប្រជុំជនវិជ្ជាការ (ក្រុមអ្នកចេះដឹង) ក្រៅប្រព័ន្ធ មានសំណួរជាច្រើន ថា សិលាចារឹក គឺជាប្រកាស ឲ្យនរណាអាន? នរណាអានប្រកាស ដែលជាសិលាចារឹក? ។ល។

មនុស្សទូទៅ សរសេរមិនបាន អានមិនចេញ

ចម្លើយឆ្លើយតប មានយូរមកហើយ ចេញពីខាងអ្នកវិជ្ជាការ ថា សិលាចារឹក គឺជាប្រកាស ឲ្យខ្មោចនិងទេវតា ទទួលដឹងឮ រឿងរ៉ាវដែលបង្កើត សិលាចារឹកនោះ ដោយមិនសម្ដៅ ឲ្យអ្នកអានទូទៅ និង ស្វែងរកទូទៅ ក្នុងប្រទេសថៃ និង ក្នុងអាស៊ីអាគ្នេយ៍ នោះទេ។

អ្វីដែលសំខាន់ត្រូវដឹងជាមុន គឺ៖

១. សិលាចារឹក តាំងនៅក្នុង ទីឋានដែលសក្ដិសិទ្ធិ របស់ព្រះរាជា ជាកន្លែងហាមឃាត់ សាមញ្ញជន មិនឲ្យចូលបាន។

២. ចារឹកមិនមែនសិលា អ្នកឆ្លាក់ឬសរសេរ រក្សាក្នុងទីបិទជិត ឬ លាក់បាំងជាពិសេស ប្រហែលមិនមាន នរណាដឹងឮ នោះទេ។

៣. មនុស្សភាគច្រើន ក្នុងរដ្ឋបុរាណ អានមិនចេញ សរសេរមិនបាន ដោយមិនបាន ដឹងច្បាស់ថា ព្រះរាជាគ្រប់អង្គ អានចេញ និង សរសេរបាន។

ចំណុចជជែកវែកញែក រាយលម្អិតជាងនេះ សូមណែនាំ ឲ្យអានសំណេរ «អក្សរថៃ ស្ដេចរាមកំហែង ប្រតិដ្ឋ (បង្កើត) ទុកឲ្យនរណាអាន?» របស់ សិរិពចន៍ ហ្លៅមានះច្រើន (ក្នុងចុងសប្ដាហ៍ មតិជន ច្បាប់ ១៣-១៩ មករា ២៥៦០ ទំព័រ ៧៤-៧៥)។

សិលាចារឹក ស្ដេចរាមកំហែង មានពិរុទ្ធ (មន្ទិល) ច្រើនរាប់មិនអស់ គឺថា មិនបានបង្កើតឡើង នៅសម័យ របស់ព្រះអង្គ នោះទេ។ មានពាក្យអធិប្បាយ បែបលេងសើច ដែលបញ្ជាក់ពី ចំណុចពិរុទ្ធ ម្ដងមួយបន្ទាត់ ក្នុងសៀវភៅ ចារឹកស្ដេចរាមកំហែង វណ្ណគតិប្រវត្តិសាស្ត្រនយោបាយ នៃក្រុងស្យាម ដោយ បណ្ឌិត ពិរិយៈ ក្រៃឫក្ស [អតីតនាយក ស្ថាប័នថៃគតិសិក្សា មហាវិទ្យាល័យធម្មសាស្ត្រ (គ្រឹះស្ថានបោះពុម្ព មតិជន បោះពុម្ពលើកទីពីរ ព.ស. ២៥៤៧)]។

អក្សរថៃមិនមានអ្នកប្រតិដ្ឋ (បង្កើត)? បើជជែកវែកញែកគ្នាបាន គុណភាពការសិក្សា នឹងកើនខ្ពស់

«អក្សរថៃ គឺអក្សរខ្មែរ ឬ មន ដែលត្រូវបាន ធ្វើឲ្យងាយជាងមុន (simplified) ប៉ុណ្ណោះ ប៉ុន្តែ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍ ជាងនោះ គឺ អក្សរវិធី (orthography) នេះ ត្រូវបានចាត់ជា អក្សរវិធី ដែលងាយបំផុត ក្នុងបណ្ដាតួអក្សរ ដែលប្រើរួមគ្នា នៅក្នុងអាស៊ីអាគ្នេយ៍ ដីគោកទ្វីប ទាំងក្នុងជំនាន់នោះ និង រហូតមកទល់ សព្វថ្ងៃ។ ហើយ នៅត្រង់ អក្សរវិធីនេះហើយ ដែលធ្វើឲ្យខ្ញុំមិនជឿថា មានបុគ្គលណាម្នាក់ «ប្រតិដ្ឋ» (បង្កើត) បាន គឺត្រូវអាស្រ័យលើ ការចេះថ្នឹក របស់អ្នកដទៃ ដែលអានរៀន ឯកសារសៀវភៅចេញ ជាមូលដ្ឋានគ្រឹះ។»

និធិ អៀវស្រីវង្ស សរសេរប្រាប់ពី រឿងអក្សរថៃ និង អក្សរវិធីថៃ ក្នុងសៀវភៅ ភាពមិនថៃ នៃមនុស្សថៃ (គ្រឹះស្ថានបោះពុម្ព មតិជន បោះពុម្ពលើកដំបូង ២៥៥៩)។

ប្រព័ន្ធការសិក្សាថៃ មិនអនុញ្ញាតឲ្យ អ្នករៀននិងគ្រូ ប្រើប្រាស់របប ប្រព័ន្ធរិះគិត ដោយហេតុនិងផល ជជែកវែកញែក រឿងប្រភពរបស់ អក្សរថៃ និង អក្សរវិធីថៃ នោះឡើយ ព្រោះចម្លើយឆ្លើយតប តែមួយប៉ុណ្ណោះ ពីអាជ្ញាធរថៃ ក៏ត្រូវបាន បង្ហាត់បង្រៀនមក តែមួយបែបដូចគ្នា។

នរណាមិនឆ្លើយ តាមនោះ ក៏ប្រឡងមិនជាប់ បើនរណា មិនជឿតាមនោះ នឹងត្រូវគេ ចោមរោមប្រណាម (ស្ដីឲ្យ, ប្រមាថ) ថា មិនស្នេហាជាតិ និង អាចប្រឈមមុខនឹង មាត្រា ១១២។

ប្រវត្តិសាស្ត្រ គឺជាអនាគត  បើបើកទូលាយ ឲ្យអ្នករៀននិងគ្រូ រួមទាំងមនុស្សទូទៅ ប្រើប្រាស់របប ប្រព័ន្ធរិះគិត ដោយហេតុផល ជជែកវែកញែក ប្រវត្តិសាស្ត្រថៃ មិនថាទាក់ទងនឹង សង្គ្រាម ឬ សង្គម ឱកាសដែល គុណភាពការសិក្សា កើនឡើង ក៏នឹងមានច្រើន៕


សម្គាល់៖
   អត្ថបទពីកាស្សែត មតិជន នេះ ត្រូវបានបកប្រែ ជាខ្មែរ 
ចែកជាចំណេះដឹង ដល់អ្នកអាន គ្រប់រូប។
   ដោយចំណេះដឹង ផ្នែកភាសាថៃ របស់ខ្ញុំ នៅស្ដួចស្ដើង
សូមជួយចូលរួម កែតម្រូវ បើមានកំហុសឆ្គង ត្រង់ណា។  
   សូមអរគុណ៕

 

មេរៀនជីវិតដ៏សំខាន់ នៃច្បាប់រក្សាថាមពល

Standard

«បើអ្នករំពឹងទុក រឹតតែខ្ពស់ ពេលដែលធ្លាក់ អ្នកនឹងឈឺចាប់ រឹតតែខ្លាំង»

ក្នុងរូបវិទ្យា ច្បាប់រក្សាថាមពល (law of conservation of energy) បានចែងថា៖

«ថាមពលប៉ូតង់ស្យែល + ថាមពលស៊ីនេទិច = ថេរ»

ថាមពលប៉ូតង់ស្យែល = ម៉ាស × សម្ទុះទំនាញដី × កម្ពស់
ថាមពលស៊ីនេទិច = ½ × ម៉ាស × (ល្បឿន)²

នៅពេលដែលអ្នក លោតផ្លោះឧបសគ្គមួយ ហើយបែរជាបរាជ័យ អ្នកនឹងធ្លាក់ពីទីខ្ពស់ មកទីទាប ពេលនោះ ថាមពលប៉ូតង់ស្យែល និង កម្ពស់របស់អ្នក ថយចុះ ពីតម្លៃអតិបរមា មកដល់សូន្យ រីឯ ថាមពលស៊ីនេទិច និង ល្បឿនរបស់អ្នក កើនឡើង ពីសូន្យ រហូតដល់ តម្លៃអតិបរមា។ បើអ្នកលោតពី កន្លែងរឹតតែខ្ពស់ ពេលអ្នកធ្លាក់ដល់ដី អ្នកនឹងឈឺរឹតតែខ្លាំង។

កម្ពស់នោះ តំណាងឲ្យ កម្រិតនៃការរំពឹងទុក របស់អ្នក។ ល្បឿនធ្លាក់មកដល់ដី កាន់តែធំ អ្នកនឹងកាន់តែឈឺ។ បញ្ហាជីវិត មានតម្លៃសម្ទុះទំនាញដី ផ្សេងៗគ្នា ដែលបញ្ហាខ្លះ នឹងធ្វើឲ្យ អ្នកឈឺចាប់តិច បញ្ហាខ្លះទៀត អាចនឹងឈឺចាប់ ពេញមួយជីវិត។

ប៉ុន្មានឆ្នាំមកនេះ ខ្ញុំតែងតែប្រាប់ ដល់សិស្សប្អូន និង មិត្តភក្ដិទាំងឡាយថា ការដាក់ខ្លួនឲ្យទាប ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ពេលដែលអ្នករំពឹងថា នឹងបរាជ័យ បើអ្នកបរាជ័យមែន អ្នកបានត្រៀមខ្លួន ទទួលភាពបរាជ័យនេះ រួចជាស្រេច តែបើបែរជា អ្នកជោគជ័យវិញ អ្នកនឹងពេញចិត្ត នូវលទ្ធផលនេះ។ សរុបមក អ្នកគ្មានអ្វី ដែលត្រូវបាត់បង់ គឺមានតែចំណេញថែម។

ដោយឡែក បើអ្នកឈរលើកម្រិត រំពឹងទុក កាន់តែខ្ពស់ ចង់បានដាច់ខាត នូវជោគជ័យធំ ពេលដែលអ្នក បែរជាលោតឆ្លង ឧបសគ្គនោះមិនផុត ហើយធ្លាក់ដល់ដី ល្បឿនដែលទង្គិចនឹងដី នឹងកាន់តែធំដែរ ដែលពេលខ្លះ អាចធ្វើឲ្យប៉ះពាល់ រហូតដល់ថ្នាក់ អ្នកក្រោកឈរសារជាថ្មី សឹងតែលែងរួច។ ដូច្នេះ ចំពោះរាល់បញ្ហាជីវិត អ្នកគួរតែកំណត់នូវ កម្រិតនៃការរំពឹងទុក របស់អ្នក ត្រឹមកម្រិតទាប សមល្មមមួយ ដែលអាចឲ្យអ្នក លោតឆ្លងផុតផង ហើយបើទោះជា ធ្លាក់មកដល់ដីវិញ ក៏អ្នកនៅតែអាច ឈរដោយជើងពីរ រួចដើរទៅមុខ បន្តទៀតបានផង។

តើអ្នកមានចាប់អារម្មណ៍ទេថា មានរបស់ម៉្យាង ដែលនៅឋិតថេរជានិច្ច មុនពេលលោត និង ក្រោយពេលធ្លាក់ដល់ដី? តាមសមីការខាងលើ គឺ ម៉ាសនៅតែថេរជានិច្ចម៉ាស តំណាងឲ្យ ខ្លួនអ្នកផ្ទាល់។ ម៉ាសរបស់អ្នក កំណត់ថា អ្នកជានរណា ហើយមានតម្លៃអ្វីខ្លះ ក្នុងសង្គម។ ការដែលម៉ាស ឋិតនៅថេរជានិច្ច បញ្ជាក់ឲ្យឃើញថា ទោះធ្លាក់មក អ្នកឈឺចាប់ ឬ មិនឈឺចាប់ ទោះអ្នកជោគជ័យ ឬ បរាជ័យ អ្នកនឹងនៅតែជាអ្នក ដោយគ្មានភាពបរាជ័យ ក្នុងបញ្ហាណាមួយ អាចផ្លាស់ប្ដូរអ្នក ឬ ធ្វើឲ្យអ្នកបាត់បង់ តម្លៃជាអ្នក នោះឡើយ។

សរុបយ៉ាងខ្លី រាល់បញ្ហានៃជីវិត អ្នកគួរកំណត់នូវ ការរំពឹងទុក របស់អ្នក ត្រឹមកម្រិតដ៏ទាប សមល្មមមួយ ហើយត្រូវចងចាំថា ទោះជោគជ័យ ឬ បរាជ័យ អ្នកនឹងនៅតែជាអ្នក

~ សុខុន រេនី

«ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់!»

Standard

ពាក្យទំនៀមខ្មែរ ពោលថា៖

«ចាក់ទឹកដូង រំលងសីមា» (ស្ដេចយកប្រពន្ធ សាសន៍ដទៃ)
«កន្ទុយត្រីប្រា មេនាងឧក» (រាស្ត្រយកគ្នា លែងរើសពូជ)
«កន្ទុយត្រីផ្ទក់ មេនាងចែ» (រាស្ត្រយកប្រពន្ធ ជាតិជាស្ដេច)
«អកកំបោរ ប្រចាំថង់» (ស្ដេចឲ្យមាន គ្រាន់តែចាំវាំង)
«បំពង់ឫស្សី ប្រចាំវែក» (នាម៉ឺនមន្ត្រី គ្រាន់តែចាំដួសប្រយោជន៍ឲ្យគេ)
«ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់» (បញ្ញវន្តចេះដឹង រៀនទាល់តែក្បាលទំពែក អ្នកស្នេហាជាតិ តែខ្វើក មិនរណបតាមគេ តែងជាប់គុក និរទេស ឬ ត្រូវពួកឈាមខ្មៅ តាមព្យាបាទសម្លាប់ចោល)

ពាក្យរបស់អ្នកប្រាជ្ញខ្មែរ ជាពាក្យទូន្មាន បែបន័យបង្កប់ ឆ្លុះបញ្ចាំង សឹងតែគ្រប់តថភាពពិត នៃសង្គមខ្មែរ រាល់សម័យកាល។ ជាក់ស្ដែង ឃ្លាចុងក្រោយ «ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់» ចាប់តាំងពីសង្គមខ្មែរចុះថយមក ដោយសារជម្លោះរាជវង្ស ជម្លោះសាសនា ជម្លោះមនោគមន៍វិជ្ជានយោបាយ និង ជម្លោះខ្ញុំបម្រើបរទេស អ្នកដែលរងគ្រោះជាងគេបំផុត គ្មាននរណាទេ ក្រៅតែពី ក្រុមបញ្ញវន្ត ដែលជាធនធាន និង ខួរក្បាល នៃសង្គមខ្មែរ។ ខ្លះត្រូវរត់ចោលស្រុក ខ្លះរត់ចូលព្រៃទាំងស្រាត ខ្លះជាប់ឈ្មោះក្បត់ជាតិ ខ្លះគេចាប់វាយដឹកឡានអូស ខ្លះស្លាប់ដោយ«រោគាពាធ»ទាំងក្មេងវ័យ ។ល។ ឆ្លើយទៅមើល ថាតើសម័យកាលណា នៃស្រុកខ្មែរ ក្រោយអង្គរ ដែលបញ្ញវន្ត រស់នៅបម្រើជាតិបានសុខសាន្ត ដោយខ្មែរមិនបែកបាក់សាមគ្គីគ្នានោះ?
អាន​បន្ត

ព្រះចៅយូហួអង្គថ្មី «រាមាទី១០ នៃរាជវង្សចក្រី»

Standard

សម្ដេច «មហា វជិរាលង្ករណ» (มหาวชิราลงกรณ អានថា ម៉ៈហា វ៉ៈឈិរ៉ាឡុងកន / Maha Vajiralongkorn) ស្យាមមកុដរាជកុមារ នឹងឡើងគ្រងរាជ្យ ជាព្រះមហាក្សត្រិយ៍ ព្រះចៅយូហួ «រាមាទី១០ នៃរាជវង្សចក្រី» បន្តពីអតីតព្រះមហាក្សត្រិយ៍ ព្រះចៅ «ភូមិពល អតុល្យតេជ»រាមាទី៩

«វជិរៈ» មានន័យថា ពេជ្រ កាំរន្ទះ ឬ ខ្សែរស្មីផ្លេកបន្ទោរ។ «អលង្ករណ៍» សម្ដៅលើ គ្រឿងប្រដាប់ សម្រាប់តុបតែងខ្លួន។

ព្រះនាមពេញ របស់ទ្រង់ មហាវជិរាលង្ករណ គឺ «វជិរាលង្ករណ បរមច័ក្រយាតិសរសន្តិវង្ស ទេវេស្រធាំរងសុបរិបាល អភិគុណូប្រៈការមហិត្លាតុលតេជ ភូមិពលនរេសួរាង្កូរ កិត្តិសិរិសម្បូរណ៍ស្វាង្គវឌ្ឍន៍ បរមខ័ត្តិយរាជកុមារ»

គោរម្យ៍ងារមុនគ្រងរាជ្យ ក្នុងនាមជារជ្ជទាយាទ បន្តរាជ្យ គឺ «សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ»

គោរម្យ៍ងារបច្ចុប្បន្ន បណ្ដោះអាសន្ន ក្នុងនាមជាព្រះចៅយូហួ គឺ «មហា វជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ»

king-bhumibol-adulyadej-and-prince-maha-vajiralongkorn

ព្រះចៅ ភូមិពល អតុល្យតេជ និង សម្ដេច មហា វជិរាលង្ករណ ស្យាមមកុដរាជកុមារ

អាន​បន្ត

វិភាគព្យញ្ជនៈ «ឝ, ឞ, ស» (ស-គ, ស-ប, ស-ល)

Standard

វិភាគព្យញ្ជនៈ «ឝ, ឞ, ស» (ស-គ, ស-ប, ស-ល)

ក្នុងព្យញ្ជនៈខ្មែរ ប្រើសម្រាប់ភាសាសំស្ក្រឹត នៅក្នុងសេសវគ្គ (យ រ ល វ ឝ ឞ ស …) មាន អក្សរ៣តួ ដែលមានសូរ ស្រដៀងគ្នា គឺ «ឝ, ឞ, ស»។ គេហៅវាថា «ស-គ, ស-ប, ស-ល» ប្រហែលជា មកពី យើងបាន «ឝ, ឞ, ស» ដោយគូសមួយឆ្នូត ថែមលើ «គ, ប, ល»។

របៀបបញ្ចេញសំឡេង

អក្សរ «ស» (ស-ល) ជាទន្តជៈ (សំឡេងកើតត្រង់ធ្មេញ) មានជាទូទៅ ក្នុងភាសានីមួយៗ។ សូរជា IPA គឺ [s]។ ពាក្យក្នុងភាសាអង់គ្លេស និង បារាំង កើតដោយសូរ “s” គឺត្រូវនឹងព្យញ្ជនៈនេះ។

ចុចទីនេះ ដើម្បីស្ដាប់សំឡេង «ស»

អក្សរ «ឝ» (ស-គ) ជាតាលុជៈ (សំឡេងកើតត្រង់ពិតាន) សូរជា IPA គឺ [ ʃ ]។ សូរនេះ បង្កើតដោយ ដាក់អណ្ដាត ឲ្យស្របនឹងពិតាន ហើយបញ្ចេញខ្យល់។ ពាក្យក្នុងភាសាអង់គ្លេស និង បារាំង កើតដោយសូរ “sh, ch” គឺត្រូវនឹងព្យញ្ជនៈនេះ។ អក្សរ«ឝ»នេះ ត្រូវនឹងអក្សរសំស្ក្រឹត श។

ចុចទីនេះ ដើម្បីស្ដាប់សំឡេង «ឝ»

អក្សរ «ឞ» (ស-ប) ជាមុទ្ធជៈ (សំឡេងកើតក្នុងក្បាល) សូរជា IPA គឺ [ʂ]។ សូរនេះ បង្កើតដោយ រមូរអណ្ដាតឡើង ឲ្យទល់នឹងពិតាន ហើយបញ្ចេញខ្យល់ ពីក្នុងក្បាល។ សូរនៃព្យញ្ជនៈនេះ ដូចគ្នានឹង សូរនៃ “sh” ក្នុង 汉语拼音 (Hanyu Pinyin) របស់ភាសាចិន ដែរ។ អក្សរ«ឞ»នេះ ត្រូវនឹងអក្សរសំស្ក្រឹត ष។

ចុចទីនេះ ដើម្បីស្ដាប់សំឡេង «ឞ»

ការប្រើប្រាស់

អក្សរ«ស» ត្រូវបានប្រើប្រាស់ ជាទូទៅប្រចាំថ្ងៃ ក្នុងភាសាខ្មែរបច្ចុប្បន្ន។ ជើងរបស់ព្យញ្ជនៈនេះ គឺ «្ស»។

អក្សរ«ឝ» ត្រូវបានប្រើប្រាស់ច្រើនគួរសម ក្នុងពាក្យសំស្ក្រឹតមួយចំនួន។ ពេលដែលក្លាយមកជា ពាក្យខ្មែរ អក្សរ«ឝ» បានផ្លាស់មកជា អក្សរ«ស»។ ពាក្យមួយចំនួន ដែលខ្ញុំបានស្រង់ទុក មានដូចជា៖ «ស័ក» ក្លាយមកពី «ឝក», «សកល» ក្លាយមកពី «ឝកល», «សក្ដានុភាព» ក្លាយមកពី «ឝក្ដ+អានុភាវ», «សក្ដិ» ក្លាយមកពី «ឝក្ដិ», «សង្ស័យ» ក្លាយមកពី «សំឝយ», «សដូវ» ក្លាយមកពី «ឝក្ដុ», «សណ្ហ» ក្លាយមកពី «ឝ្លក្ស្ណ», «សត្រូវ» ក្លាយមកពី «ឝត្រុ», «សទិស» ក្លាយមកពី «សទ្ឫឝ», «សទ្ធា» ក្លាយមកពី «ឝ្រទ្ធា», «សន្តិ» ក្លាយមកពី «ឝាន្តិ», «ស្បថ» ក្លាយមកពី «ឝបថ», «សព» ក្លាយមកពី «ឝវ», «សព្ទ» ក្លាយមកពី «ឝព្ទ», «ប្រកាស» ក្លាយមកពី «ប្រកាឝ», «សាសន៍» ក្លាយមកពី «ឝាសន», «សិរ» ក្លាយមកពី «ឝិរស៑», «សិរី» ក្លាយមកពី «ឝ្រី», «បស្ចិម» ក្លាយមកពី «បឝ្ចិម», «ប្រទេស» ក្លាយមកពី «ប្រទេឝ» ។ល។

អក្សរ«ឞ» ត្រូវបានប្រើប្រាស់ តិចជាងអក្សរ«ឝ» ហើយពេលក្លាយពីសំស្ក្រឹត មកជាខ្មែរ អក្សរនេះ ក្លាយជា «ស» ឬ «ដ»។ ពាក្យមួយចំនួន ដែលខ្ញុំបានស្រង់ទុក មានដូចជា៖ «បរិស័ទ» ក្លាយមកពី «បរិឞទ៑», «សន្ដោស» ក្លាយមកពី «សំតោឞ», «សន្និដ្ឋាន» ក្លាយមកពី «សំនិឞ្ឋ‌ាន», «អធិដ្ឋាន» ក្លាយមកពី «អធិឞ្ឋ‌ាន», «សប្បុរស» ក្លាយមកពី «សត្បុរុឞ», «ភាសា» ក្លាយមកពី «ភាឞ‌ា», «សឌាង្គ» ក្លាយមកពី «ឞឞ៑+អង្គ» ។ល។

ការវិវត្តនៃអក្សរទាំង៣

រហូតមកត្រឹម គ.ស. ១៧៤៨ អក្សរ «ឝ» និង «ឞ» ត្រូវបានប្ដូរមកប្រើជា «ស» វិញ។ ពាក្យដើមពីបាលី ដែលប្រើ «ឝ, ឞ, ឞ្ឋ, …» ត្រូវបានក្លាយមកជា ពាក្យខ្មែរ ដោយប្រើ «ស, ស, ដ្ឋ, …» មកទល់សព្វថ្ងៃ។

ចំណែកឯព្យញ្ជនៈថៃវិញ គេនៅរក្សាទុក ศ, ษ, ส ជារៀងរហូតមក (ศ ศาลา, ษ ฤๅษี, ส เสือ)។ អក្សរទាំងបី ក្នុងភាសាថៃ អានសំឡេង [s] ជាធម្មតា តែព្យញ្ជនៈនេះ បានរក្សានូវលក្ខណៈដើម នៃពាក្យ កាលនៅជាបាលី (ศ, ษ, ส ត្រូវគ្នានឹង ព្យញ្ជនៈបាលី श , ष , स)។

«ភាឞ‌ា» ថៃសរសេរថា ภาษา, ខ្មែរសរសេរថា ភាសា។

«ឝាលា» ថៃសរសេរថា ศาลา, ខ្មែរសរសេរថា សាលា។

«ឫឞី» ថៃសរសេរថា ฤษี, ខ្មែរសរសេរថា ឫសី។

«ឝព» ថៃសរសេរថា ศพ, ខ្មែរសរសេរថា សព។

«ប្រកាឝ» ថៃសរសេរថា ประกาศ, ខ្មែរសរសេរថា ប្រកាស។

«អធិឞ្ឋ‌ាន» ថៃសរសេរថា อธิษฐาน, ខ្មែរសរសេរថា អធិដ្ឋាន។

«សំនិឞ្ឋ‌ាន ឬ សន្និឞ្ឋ‌ាន» ថៃសរសេរថា สันนิษฐาน, ខ្មែរសរសេរថា សន្និដ្ឋាន។

«ឝត្រុ» ថៃសរសេរថា ศัตรู, ខ្មែរសរសេរថា សត្រូវ។

នៅមានពាក្យជាច្រើនទៀត ដែលជាបាលី មានប្រើ «ស, ឝ, ឞ»។ ខ្មែរបានធ្វើខ្មែរនីយកម្ម ហើយបានបំភ្លេចចោល «ឝ, ឞ» បាត់ទៅហើយ នៅសល់ «ស» តែឯង ខណៈដែល អ្នកជិតខាង បានរក្សាទុក ព្យញ្ជនៈទាំងបីនេះ មកទល់សព្វថ្ងៃ។

សរុបសេចក្ដី

សរុបមកវិញ ព្យញ្ជនៈខ្មែរ៣តួ ប្រើប្រាស់សម្រាប់ ភាសាសំស្ក្រឹត គឺ «ឝ, ឞ, ស» មានសូរស្រដៀងគ្នា ប៉ុន្តែ ភាសាខ្មែរសព្វថ្ងៃ ប្រើប្រាស់តែអក្សរ «ស» តែប៉ុណ្ណោះ ដែលមានសំឡេង [s] ខណៈដែល ថៃ ជាអ្នកជិតខាង នៅតែរក្សាទុក «ศ, ษ, ส» បានយ៉ាងខ្ជាប់ខ្ជួន។

នៅពេលខ្មែរ ខ្ចីពាក្យពីបរទេស ដូចជា អង់គ្លេសនិងបារាំងជាដើម សំឡេង [s, z, ʃ, ʒ] និង សំឡេងជាច្រើនទៀត ភាគច្រើន ត្រូវបានជំនួសដោយ អក្សរ«ស» តែមួយ ដែលជាចន្លោះប្រហោង គួរពិចារណា។ វាក៏ដូចគ្នា នឹងបញ្ហាសូរ [g] ដែលខ្មែរពីដើម សរសេរថា «គ្ហ» (គ្ហីតារ) រីឯខ្មែរឥឡូវ សរសេរថា «ហ្គ» (ហ្គីតារ)។ ហើយចុះ សូរ [θ] វិញ (think, thought, thick) តើខ្មែរគួរសរសេរ យ៉ាងណា? បើសិនជាយើងខ្វះព្យញ្ជនៈ តំណាងសូរខ្លះ តើយើងគួរ យកព្យញ្ជនៈ ដែលយើងធ្លាប់ប្រើ ជាមួយសំស្ក្រឹត យកមកប្រើឡើងវិញ ឬ ក៏ឈានដល់ ការបង្កើតតួអក្សរថ្មី ឬ យ៉ាងណាទៅ? ទុកសំណួរនេះ ជាបញ្ហាដើម្បីដោះស្រាយ ទៅចុះ។

~ ដោយ សុខុន រេនី


ស្វែងយល់បន្ថែម អំពីគ្រប់សំឡេង ក្នុង IPA៖

សាកលវិទ្យាល័យ RULE ប្រកាស​កម្មវិធី Exchange Program សិង្ហបុរី ១ឆមាស

Standard

ជារៀងរាល់ឆ្នាំ មូលនិធិ Temasek Foundation តែងតែផ្ដល់ អាហារូបករណ៍១ឆមាស ដើម្បីឲ្យនិស្សិត នៅប្រទេសផ្សេងៗគ្នា ក្នុងតំបន់អាស៊ី បានចូលរួមកម្មវិធី ផ្លាស់ប្ដូរការសិក្សា (TF LEaRN Exchange Program) នៅសាកលវិទ្យាល័យធំៗ ក្នុងប្រទេសសិង្ហបុរី ដូចជា National University of Singapore (NUS / world ranking: ១២) និង Nanyang Technological University (NTU / world ranking: ១៣)។

ដូចគ្នាដែរ សាកលវិទ្យាល័យពីរ នៅកម្ពុជា គឺ សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) តែងតែជ្រើសរើស បញ្ជូននិស្សិត ដើម្បីចូលរួមកម្មវិធីនេះ ជារៀងរាល់ឆ្នាំ។ TF LEaRN ត្រូវបានចាត់ទុកជា កម្មវិធីផ្លាស់ប្ដូរការសិក្សា ដ៏ល្បីមួយ ដែលផ្ដល់ដល់និស្សិត នូវបទពិសោធន៍ ការអប់រំ គុណភាពសិង្ហបុរី ថ្នាក់ឧត្តមសិក្សា ការផ្លាស់ប្ដូរវប្បធម៌ ជាពិសេស គឺបណ្ដុះបណ្ដាល ឲ្យក្លាយជា អ្នកដឹកនាំវ័យក្មេង សម្រាប់អនាគត។

ឥឡូវនេះ សាកលវិទ្យាល័យ RULE បានប្រកាស ចាប់ផ្ដើមទទួល ពាក្យប្រឡង ចូលរួមកម្មវិធីនេះ សម្រាប់ឆ្នាំក្រោយ (២០១៦-២០១៧) ដូចខាងក្រោម៖

tf-learn-2017

TF LEaRN ២០១៧ នឹងទទួលនិស្សិត ដើម្បីសិក្សា១ឆមាស នៅសាកលវិទ្យាល័យ NTU (ខ្ញុំកំពុងរៀននៅទីនេះ 😀) ដោយរ៉ាប់រង ថ្លៃសិក្សា និង ចំណាយ គ្រប់បែបយ៉ាង។ ជាទូទៅ ដំណើរការនៃការប្រឡងជ្រើសរើស នៅ RULE រៀងរាល់ឆ្នាំ ប្រព្រឹត្តទៅដោយ៖

  • ជំហានទី១៖ ការប្រឡងសមត្ថភាពភាសាអង់គ្លេស នឹងធ្វើឡើង ដើម្បីជ្រើសរើស បេក្ខជន១០រូប យកទៅសម្ភាស។ លទ្ធផលសម្ភាសន៍ នឹងសម្រេចយក និស្សិត៦រូប ដើម្បីឧទ្ទេសនាម (nominate) ទៅគណៈកម្មការ TF LEaRN។
  • ជំហានទី២៖ សាកលវិទ្យាល័យ (NTU) នឹងទាក់ទង និស្សិតទាំង៦រូប ដែលត្រូវបានឧទ្ទេសនាម ឲ្យបំពេញបែបបទ online។
  • ជំហានទី៣៖ បែបបទនោះ តម្រូវឲ្យមានដូចជា ព្រឹត្តិប័ត្រពិន្ទុ បង្ហាញនូវលទ្ធផល GPA ល្អ, សំណេរពីខ្លួនឯង សង្កត់ធ្ងន់លើ បទពិសោធន៍ ចូលរួមជួយសង្គម, លទ្ធផលប្រឡងសមត្ថភាព ភាសាអង់គ្លេស (TOEFL, IELTS, ឬ វិញ្ញាបនបត្រណាមួយ), និងភ្ជាប់ជាមួយ résumé (CV) សមរម្យមួយ។
  • ជំហានទី៤៖ ក្រោយពីបំពេញបែបបទរួចរាល់ គណៈកម្មការ នឹងចំណាយពេល ប្រហែល១ខែ ដើម្បីធ្វើការវាយតម្លៃ។ ចំនួននិស្សិតជ្រើសរើស មិនកំណត់តាម ប្រទេសនីមួួយៗ នោះទេ គឺអាចជា ០, ១, ឬ ២នាក់ អាស្រ័យលើ ការវាយតម្លៃ និងសម្រេចចិត្ត របស់គណៈកម្មការ។

បើសិនប្អូនៗ ដែលជានិស្សិតនៅRULE មានចំណាប់អារម្មណ៍ សូមរួសរាន់ទៅដាក់ពាក្យ ឲ្យបានមុនថ្ងៃទី ៧ តុលា ម៉ោង ៥ល្ងាច។ សូមបញ្ជាក់ថា សាកលវិទ្យាល័យ RUPP ក៏នឹងបើកចាប់ផ្ដើមជ្រើសរើស នាពេលខាងមុខ ដូចគ្នាដែរ៕

គ្មានបទពិសោធន៍សរសេរ résumé ឲ្យទាក់ទាញ?
ចុចទីនេះ ដើម្បីមើលគម្រូ résumé របស់ខ្ញុំ! 🙂

ធនធានមនុស្សរបស់កម្ពុជា

Standard

13767270_1217986811574318_4417421355719566972_o

បើសិនជាអ្នកឆ្ងល់ថា តើធ្វើយ៉ាងណា ទើបកម្ពុជារីកចម្រើនបាន? តើធ្វើយ៉ាងណា ទើបផ្លាស់ប្ដូរ ពិភពលោកបាន? ចូរកុំភ្លេចថា អ្នកជាផ្នែកមួយនៃកម្ពុជា អ្នកជាផ្នែកមួយ នៃពិភពលោក ដែលអ្នកចង់ផ្លាស់ប្ដូរ។

វិធីផ្លាស់ប្ដូរពិភពលោក ងាយៗ តាមស៊្វីតធរណីមាត្រ៖
១- ចាប់ផ្ដើមដោយ ផ្លាស់ប្ដូរខ្លួនឯង ជាដំបូងសិន។
២- ធ្វើជាគម្រូ ជួយផ្លាស់ប្ដូរមនុស្សជុំវិញខ្លួន ឲ្យបាន៥នាក់។
៣- មនុស្ស ៥នាក់ នឹងបន្តផ្លាស់ប្ដូរ ២៥នាក់, ២៥នាក់ ក្លាយជា ១២៥នាក់, ១២៥នាក់ ក្លាយជា ៦២៥នាក់, … បន្តបន្ទាប់ ដូចស៊្វីតធរណីមាត្រ រហូតទាល់តែ រាប់លាននាក់ ត្រូវបានផ្លាស់ប្ដូរ។
៤- នៅពេលនោះហើយ គឺពិភពលោក ត្រូវបានផ្លាស់ប្ដូរ ដោយជោគជ័យ។

#មនុស្សមធ្យម   #ផ្លាស់ប្ដូរ   #កម្ពុជា   #ពិភពលោក