«ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់!»

Standard

ពាក្យទំនៀមខ្មែរ ពោលថា៖

«ចាក់ទឹកដូង រំលងសីមា» (ស្ដេចយកប្រពន្ធ សាសន៍ដទៃ)
«កន្ទុយត្រីប្រា មេនាងឧក» (រាស្ត្រយកគ្នា លែងរើសពូជ)
«កន្ទុយត្រីផ្ទក់ មេនាងចែ» (រាស្ត្រយកប្រពន្ធ ជាតិជាស្ដេច)
«អកកំបោរ ប្រចាំថង់» (ស្ដេចឲ្យមាន គ្រាន់តែចាំវាំង)
«បំពង់ឫស្សី ប្រចាំវែក» (នាម៉ឺនមន្ត្រី គ្រាន់តែចាំដួសប្រយោជន៍ឲ្យគេ)
«ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់» (បញ្ញវន្តចេះដឹង រៀនទាល់តែក្បាលទំពែក អ្នកស្នេហាជាតិ តែខ្វើក មិនរណបតាមគេ តែងជាប់គុក និរទេស ឬ ត្រូវពួកឈាមខ្មៅ តាមព្យាបាទសម្លាប់ចោល)

ពាក្យរបស់អ្នកប្រាជ្ញខ្មែរ ជាពាក្យទូន្មាន បែបន័យបង្កប់ ឆ្លុះបញ្ចាំង សឹងតែគ្រប់តថភាពពិត នៃសង្គមខ្មែរ រាល់សម័យកាល។ ជាក់ស្ដែង ឃ្លាចុងក្រោយ «ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់» ចាប់តាំងពីសង្គមខ្មែរចុះថយមក ដោយសារជម្លោះរាជវង្ស ជម្លោះសាសនា ជម្លោះមនោគមន៍វិជ្ជានយោបាយ និង ជម្លោះខ្ញុំបម្រើបរទេស អ្នកដែលរងគ្រោះជាងគេបំផុត គ្មាននរណាទេ ក្រៅតែពី ក្រុមបញ្ញវន្ត ដែលជាធនធាន និង ខួរក្បាល នៃសង្គមខ្មែរ។ ខ្លះត្រូវរត់ចោលស្រុក ខ្លះរត់ចូលព្រៃទាំងស្រាត ខ្លះជាប់ឈ្មោះក្បត់ជាតិ ខ្លះគេចាប់វាយដឹកឡានអូស ខ្លះស្លាប់ដោយ«រោគាពាធ»ទាំងក្មេងវ័យ ។ល។ ឆ្លើយទៅមើល ថាតើសម័យកាលណា នៃស្រុកខ្មែរ ក្រោយអង្គរ ដែលបញ្ញវន្ត រស់នៅបម្រើជាតិបានសុខសាន្ត ដោយខ្មែរមិនបែកបាក់សាមគ្គីគ្នានោះ?

ងាកមើលសម័យលង្វែក សៀមវាយបែកដល់ក្រុងលង្វែក (កំពង់ឆ្នាំង)។ អ្នកប្រាជ្ញខ្មែរ ប្រហែលជា ពុំហ៊ានរិះគន់ចំៗទេ ទើបបានជា និយាយថា សៀមបាញ់ប្រាក់ដួង ហើយខ្មែរបបួលគ្នាកាប់ឆ្ការ របងឫស្សីការពារក្រុង រហូតសៀមវាយបែក ខណៈដែល ប្រវត្តិសាស្ត្រនេះ គ្មានទេក្នុង សាវតារសៀម ហើយអ្នកប្រវត្តិវិទូ ក៏ធ្វើកំណាយរកមិនឃើញមាន ប្រាក់ដួងឯណាឡើយ នៅតំបន់នោះ។ តើប្រាក់ដួង និង កាប់ឆ្ការឫស្សី ជាន័យធៀបនឹង អំពើពុករលួយ ដែលស៊ីរូងជ្រៅ ក្នុងសង្គមលង្វែក និង ការដែលខ្មែរក្បត់ខ្មែរ ដើម្បីមាសប្រាក់ និង តំណែងមុខងារ ធ្វើឲ្យក្រុងលង្វែក បែកខ្ញែកសាមគ្គី ទេដឹង? ក្នុងរឿង ធ្មេញជ័យ (ធនញ្ជ័យ) ក៏មានន័យបណ្ដុះបង្អាប់ នូវបញ្ហាសង្គមខ្មែរ ស្របតាម ពាក្យទំនៀមខាងលើ ផងដែរ។

15439925_1338338606205804_6027718810147333405_n

រឿងធ្មេញជ័យ

មកដល់សម័យបារាំង ការគ្រងរាជ្យ ម្ដងខ្សែនរោត្តម ម្ដងខ្សែស៊ីសុវត្ថិ ក៏ធ្វើឲ្យមាន ភាពល្អក់កករ ក្នុងរាជវង្សផងដែរ ដែលអូសបន្លាយដល់ សម័យសាធារណរដ្ឋខ្មែរ (នរោត្តម សីហនុ និង ស៊ីសុវត្ថិ សិរិមតៈ)។ ក្រោយទទួលបានឯករាជ្យមក នៅសម័យសង្គមរាស្ត្រនិយម សង្គមខ្មែរ មានការរីកចម្រើនខ្លាំង ប៉ុន្តែ មិនមែនគ្រប់បញ្ញវន្ត សុទ្ធតែមានវាសនាល្អ នោះទេ។ តើគណបក្ស និង អ្នកនយោបាយ ប៉ុន្មានទៅ ដែលត្រូវគេគម្រាមកំហែង ដល់អាយុជីវិត ពេលធ្វើយុទ្ធនាការបោះឆ្នោត ប្រជែងនឹង គណបក្សសង្គមរាស្ត្រនិយម? លោក សម សារី ដែលធ្លាប់ជា គណប្រតិភូសំខាន់មួយរូប តស៊ូក្នុងសន្នីសីទក្រុងសឺណែវ ដើម្បីឯករាជ្យ ដោយសារតែជីវិតនយោបាយ មនោគមន៍វិជ្ជាខុសគ្នា ពីព្រះអង្គ ក៏ត្រូវរត់ចោលស្រុក ទៅស្លាប់នៅស្រុកគេ (សម្លាប់ដោយ សឺង ង៉ុកថាញ់) ហើយ ត្រូវក្មេងៗសម័យក្រោយ ហៅជាប់មាត់ថា ជាជនក្បត់ជាតិ។ បើនិយាយពី លន់ នល់ វិញ គឺកាន់តែអភ័ព្វទៅទៀត គឺ ធ្លាប់តែស្មោះនិងជំនិតព្រះអង្គ បែរជាត្រូវជាប់ឈ្មោះ ក្នុងប្រវត្តិសាស្ត្រថា ក្បត់ជាតិ និង ក្បត់ស្ដេច (ប៉ុន្តែ ព្រះអង្គម្ចាស់ កាលនោះ ដូចជាចាកចេញ ពីរាជវង្ស ដើម្បីមកធ្វើនយោបាយ ដូចរាស្ត្រសាមញ្ញ ហើយតើ…)។ សភានាំគ្នាជំនុំ បោះឆ្នោតទម្លាក់ ព្រះអង្គ ពីតំណែងប្រមុខរដ្ឋ ខណៈដែល ស្ថានភាពតានតឹង នៅតាមព្រំដែន។ មានពាក្យនិយាយតៗគ្នាថា លោក លន់ នល់ ក៏បានចូលទៅ ក្រាបសំពះ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្ន សេរីវឌ្ឍនា ដល់ព្រះបាទ សុំខមាទោស ទៅទៀត។ ប៉ុន្តែ ប្រហែលជា ព្រះអង្គ អតីតប្រមុខរដ្ឋ ទ្រង់ពុំបានប្រោសប្រណីដល់ លន់ នល់ នោះទេ ទើបបានជា ទ្រង់ប្រមូលរាស្រ្តខ្មែរ ឲ្យចូលព្រៃម៉ាគី ប្រឆាំងនឹង លន់ នល់ វិញ។ ទន្ទឹមនឹង សុខភាពរបស់ លន់ នល់ ដុនដាបខ្លាំង (ចុះឡើងហាវ៉ៃ ព្យាបាលជម្ងឺ ស្លាប់មួយចំហៀងខ្លួន) ព្រមទាំង ជម្លោះជាមួយប្អូនបង្កើត (លន់ ណុន លួចលក់អាវុធឲ្យសត្រូវ) និង ការដឹកនាំបែបផុយស្រួយ (មេដឹកនាំអារម្មណ៍ទន់ជ្រាយ, ប្រព័ន្ធដឹកនាំខាងក្រោម ពុករលួយខ្លាំង, អបិយជំនឿជ្រុល, ទាហានខ្មែរកាត់ក្បាលរាស្រ្តខ្មែរ កុហកថាជាក្បាលយួន យកទៅដូរយករង្វាន់, …) ទើបធ្វើឲ្យ របបសាធារណរដ្ឋខ្មែរ មានអាយុកាលយ៉ាងខ្លី ហើយធ្លាក់ក្រោមកណ្ដាប់ដៃ ខ្មែរក្រហម។ លោក ស៊ីសុវត្ថិ សិរិមតៈ ក៏ត្រូវបានពួកខ្មែរក្រហម សម្លាប់ចោល ក្នុងក្រុងភ្នំពេញ រីឯ លោក លន់ នល់ ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេស និង ស្លាប់នៅទឹកដីប្រទេសអាមេរិក។

មកដល់ សម័យខ្មែរក្រហម របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរបែកឆ្វេងមួយក្រុម បានបោសសម្អាតយ៉ាងស្អាត នូវធនធានមនុស្សកម្ពុជា ឲ្យធ្លាក់ដល់ ចំណុចសូន្យ។ បញ្ញវន្ត បណ្ឌិត អ្នកច្បាប់ រាជការ សិល្បករ គ្រូបង្រៀន… គឺត្រូវបានបោសយ៉ាងស្អាត គ្មានសល់ដាន ដែលជាអំពើប្រល័យពូជសាសន៍ ឃោរឃៅបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា និង ពិភពលោក។ ងាកមកដល់ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា នាយករដ្ឋមន្ត្រី ប៉ែន សុវណ្ណ ត្រូវបានខ្មែរគ្នាឯង ចាប់យកទៅឲ្យយួន ដាក់គុកងងឹត អស់១០ឆ្នាំ រីឯ នាយករដ្ឋមន្ត្រី ចាន់ ស៊ី វិញត្រូវបាន គេសម្លាប់ទាំងអាថ៌កំបាំង។ រាស្ត្រខ្មែរជាច្រើន ក៏ត្រូវបានបាត់បង់ជីវិតផងដែរ ក្នុងការកេណ្ឌយកទៅ ក៥ នៅសម័យនោះ។

heng_samrin_sovann

រាប់ពីខាងឆ្វេង៖ លោក ហេង សំរិន, លោក ប៉ែន សុវណ្ណ, លោក ជា ស៊ីម, និង លោក ហ៊ុន សែន

ក្រោយសម័យរដ្ឋកម្ពុជា តាមរយៈអន្តរាគមន៍នៃ អង្គការសហប្រជាជាតិ និង សន្ធិសញ្ញាក្រុងប៉ារីស៍ (២៣ តុលា ១៩៩១) សម្ដេចតា ជាមួយនឹង ក្រុមបញ្ញវន្តខ្មែរជាច្រើន បានត្រឡប់ចូលមាតុប្រទេសវិញ ដោយចូលរួមរៀបចំ ការបោះឆ្នោតលើកទី១ និង រដ្ឋធម្មនុញ្ញដំបូង នៃព្រះរាជាណាចក្រកម្ពុជាទី២ ហាក់ដូចជា ការបើកទំព័រថ្មីស្រឡាងមួយ នៃប្រវត្តិសាស្ត្រកម្ពុជា។ ប៉ុន្តែ ក្រោយពីការបោះឆ្នោតលើកទី១ ត្រូវបានបញ្ចប់ បញ្ហារកាំរកូសជាច្រើន នៅតែបន្តកើតឡើង ដូចជា ការប្រកាសអបគមន៍, សហនាយករដ្ឋមន្ត្រី (ស្រុកខ្មែរខុសគេតែឯង), ការផ្ទុះអាវុធ និង អំពើហិង្សា, រដ្ឋប្រហារទម្លាក់ នាយករដ្ឋមន្ត្រីទី១, និង ការគម្រាមកំហែងដល់អាយុជីវិត អ្នកនយោបាយជាច្រើនរូប។ ការបោះឆ្នោតលើកទី២ បានជួបប្រទះនឹង ភាពអយុត្តិធម៌ និង ឃោរឃៅជាច្រើន ដូចជា សន្លឹកឆ្នោតអណ្ដែតទឹកទន្លេ, ព្រឹត្តិការណ៍បោកគ្រាប់បែក ឆ្នាំ១៩៩៨, និង ការកម្ទេចចោលទាំងស្រុង នូវគណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា របស់ លោកតា សឺន សាន។ ខ្ញុំសូមបង្ហាញឡើងវិញ នូវព្រឹត្តិការណ៍នេះ ដែលខ្ញុំធ្លាប់សរសេរចែករំលែក លើហ្វេសប៊ុគ៖

15540564_120300001107813462_530207011_o

តាមគោលនយោបាយឈ្នះ-ឈ្នះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលបាន នូវជោគជ័យយ៉ាងខ្លាំង ក្នុងការកម្ទេចនិងប្រមូល គូប្រជែងរបស់ខ្លួន (divide-and-conquer)។ អ្នកតស៊ូនយោបាយជាច្រើន ក៏បានបែកខ្ញែកគ្នា អស់ទឹកចិត្តតស៊ូ ហើយសម្រេចចិត្ត ចូលបម្រើក្រោមរដ្ឋាភិបាលវិញ ទាំងខាំអណ្ដាតខ្លួនឯង។ រដ្ឋាភិបាល លោក ហ៊ុន សែន បានជិះសេះលែងដៃ ខណៈដែលសំឡេងប្រឆាំង សឹងតែលែងមានដង្ហើម។ រឿងអយុត្តិធម៌ និង អំពើឃោរឃៅ ក្នុងសង្គមខ្មែរ ក៏នៅតែបន្តមាន ដែលសូម្បី អ្នកតស៊ូ តំណាងឲ្យ សហជីពកម្មករ (លោក ជា វិជ្ជា) និង អ្នកតស៊ូ ការពារបរិស្ថាន (លោក ឈុត វុទ្ធី) ត្រូវបានគេធ្វើឃាត ដោយគ្មានថ្ងៃ រកយុត្តិធម៌ឃើញ។

ក្រោយពីកម្លាំងប្រឆាំង រួបរួមគ្នាមក រួមជាមួយនឹង សន្ទុះកើនឡើង នៃការប្រើប្រាស់បណ្ដាញសង្គម ក្នុងគោលបំណងនយោបាយ ធ្វើឲ្យកម្ពុជា បានស្គាល់នូវ សេរីភាពក្នុងការទទួលព័ត៌មាន និង បញ្ចេញមតិ ច្រើនជាងមុន។ ប៉ុន្តែ ដោយសារតែ អ្នកដឹកនាំរឿង ជាមនុស្សដដែល ធ្វើឲ្យល្ខោននយោបាយ នៅស្រុកខ្មែរ នៅតែពោរពេញដោយ សាច់រឿងល្បិចកលកាច់បំបាក់គ្នា បង្កាច់បង្ខូច បង្កប់នូវសកម្មភាពស្មោគគ្រោក ដោយខ្វះភាពថ្លៃថ្នូរ និង ភាពចាស់ទុំនយោបាយ។ រឿងអាស្រូវ និង ការកាត់ទោស បែបបាយឡុកបាយឡ នៅតែបន្តអុកឡុក ក្នុងឆាកនយោបាយ ដើម្បីគាបសង្កត់ កម្លាំងប្រឆាំង។ ឃ្លា «ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់» ក៏នៅតែបន្តឆ្លុះបង្ហាញ នូវតថភាព នៃឆាកនយោបាយស្រុកនេះ។ ជាក់ស្ដែង កាលពី៥ខែមុន លោក កែម ឡី អ្នកវិភាគសង្គម និង នយោបាយ ត្រូវបានគេធ្វើឃាត ទាំងបើកចំហ ក្នុងទីសាធារណៈ ដោយធ្វើឲ្យខ្មែរទូទាំងប្រទេស រំជួលចិត្ត និង សោកស្ដាយយ៉ាងខ្លាំង។ ជាការឆ្លើយតប នឹងការទាមទាររកយុត្តិធម៌ រដ្ឋាភិបាលល្ខោន បានត្រឹមតែចាប់ខ្លួន ឃាតករល្ខោន យកមកបង្ហាញលើឆាកល្ខោន ដែលសម័យនេះ លែងមានអ្នកចង់មើលទៅហើយ។ សូម្បីតែគ្រួសាររបស់លោក ក៏បានចាកចេញពីមាតុប្រទេសផងដែរ ដោយបារម្ភពីសុវត្ថិភាព និង លែងជឿជាក់លើ ប្រព័ន្ធតុលាការល្ខោនមួយនេះ។

15556110_120300001111954660_102588318_n

ពេលនោះ មានអ្នកខ្លះ នាំគ្នា មកចោទបក្សប្រឆាំង ថាជាអ្នកនៅពីក្រោយឃាតកម្មនេះ ទៅទៀត!

15491606_120300001102981816_2034279785_o

ឃាតកម្មនេះ ពុំចាំបាច់មានប្រយោជន៍ ដល់អ្នកធ្វើនោះទេ

មកទល់ថ្ងៃនេះ យុត្តិធម៌ក៏ត្រូវបានកប់បាត់ ហាក់ដូចជាគេបំភ្លេចចោល និង គ្មានសង្ឃឹមថា នឹងអាចរកឃើញនោះទេ។ ដូចខ្ញុំធ្លាប់និយាយ កាលពី៥ខែមុនដែរ ឃាតកម្មនេះ មកទល់ថ្ងៃនេះ គឺគ្មានជាប្រយោជន៍ ដល់អ្នកធ្វើនោះទេ ប៉ុន្តែ បើទុកលោករូបលោក កាន់តែយូរ នឹងប៉ះពាល់ ដល់ប្រយោជន៍របស់ពួកគេ កាន់តែខ្លាំង។ វាជាពេលវេលាដ៏សមស្រប សម្រាប់អ្នកធ្វើ គឺ មុនពេលបោះឆ្នោត ២០១៧ និង ២០១៨។

សរុបមកជារួមវិញ រាប់រយឆ្នាំមកហើយ បញ្ញវន្តខ្មែរ អ្នកចេះដឹង មិនថាជា អ្នកប្រាជ្ញ អ្នកនយោបាយ ឬ ព្រះសង្ឃ នោះទេ តែងតែត្រូវបានរងសម្ពាធ និង ការគម្រាមកំហែង ដល់សុវត្ថិភាព និង អាយុជីវិត ហើយពួកគាត់ ខ្លះត្រូវមានវាសនាអភ័ព្វយ៉ាងខ្លាំង ដោយត្រូវបានគេដាក់ស្លាក ជាជនក្បត់ជាតិ និង ត្រូវរត់ចោលស្រុក ស្លាប់នៅស្រុកគេ យ៉ាងវេទនាទៅទៀត។ តើពេលណា ទើបអ្នកចេះដឹង ស្រុកខ្មែរ អាចសោយសុខ ក្នុងការកសាងបម្រើជាតិ ដូចស្រុកគេដទៃ? តើខ្មែរជំនាន់ក្រោយ នឹងអាចនៅតែស្គាល់ ឲ្យតម្លៃ និង ចងចាំ រាល់វីរភាព និង ការលះបង់ របស់ក្រុមមនុស្សក្បាលទំពែក ទាំងនេះ ឬទេ?

Advertisements

4 thoughts on “«ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់!»

  1. រ៉ែម

    តាំងពីដឹងក្តី និង មានគ្រួសារមក ខ្ញុំមិនដែលបង្រៀនគ្រួសារ ប្រពន្ធកូន ឲ្យនាំគ្នាច្រៀងលេង ឬយកមកលេងជាល្បែងប្រជាប្រិយជាមួយកូនតូចៗឡើយ។ ដរាបណាខ្មែរនៅតែយកបទទំនៀមនេះមកច្រៀងលេង ដរាបនោះអ្នកក្បាលទំពេកនិងនៅតែត្រូវបានគេមងាយ សើចចំអក និងបណ្តុះបង្អាប់ ខណៈ ជនទំពែកសុទ្ធតែជាជនចេះដឹង មានអធ្យាស្រ័យ ចេះចែករំលែក ចេះដឹកនាំល្អ និងសម្បូរទ្រព្យធនក៏មានដែរ។ តើអ្នកបានធ្វើដូចខ្ញុំហើយឬនៅ? ពីខ្ញុំ៖ រ៉ែម ចាន់រ៉ុង

    ចូលចិត្ត

    • ខ្ញុំគិតថា នេះមិនមែនជា ការសើចចំអក ឬ បន្ទោសបង្អាប់នោះទេ វាជាការបង្រៀនទូន្មាន រំឭកដាស់តឿនស្មារតី ឲ្យស្គាល់ពី សាវតារ របស់ ដូនតាខ្លួន ទៅវិញទេ ដើម្បីកុំឲ្យឆ្លងកាត់ កំហុសដដែល។ ការមិនបង្រៀន នឹងធ្វើឲ្យមិនដឹង មិនស្គាល់ តជំនាន់ដូចសព្វថ្ងៃ។ គួរតែបង្រៀន ឲ្យស្គាល់ទាំងន័យចំ និង ន័យធៀប 🙂

      ចូលចិត្ត

    • កូរណា តេជគុណ។ នេះគឺតំណភ្ជាប់ទៅកាន់ ទស្សនាវដ្ដីកម្ពុជសុរិយា, ឆ្នាំទី២៨, លេខ២, ឆ្នាំ១៩៥៦, ទំ.១១៧ ដែល «ចំណោទ៨យ៉ាង» នេះ ត្រូវបានអ្នកប្រាជ្ញតែងឡើង ក្នុងរជ្ជកាលព្រះបាទនរោត្តម កាលដែលប្រទេសយើង ធ្លាក់ជាអាយ័ត នៃបរទេស។
      https://wikisource.org/w/index.php?title=File%3AKambuja_Suriya_1956_Issue_2.pdf&page=19

      ប៉ុន្តែ ទស្សនាវដ្ដីនេះ ហាក់បកស្រាយ ៣ឃ្លាដំបូង ពុំត្រូវឡើយ។ កូរណា ក៏សម្រាយឲ្យត្រូវតាមន័យ ដែលគ្រូធ្លាប់បង្រៀន កាលពីនៅ អនុវិទ្យាល័យ។

      ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s