ព្រះចៅយូហួអង្គថ្មី «រាមាទី១០ នៃរាជវង្សចក្រី»

Standard

សម្ដេច «មហា វជិរាលង្ករណ» (มหาวชิราลงกรณ អានថា ម៉ៈហា វ៉ៈឈិរ៉ាឡុងកន / Maha Vajiralongkorn) ស្យាមមកុដរាជកុមារ នឹងឡើងគ្រងរាជ្យ ជាព្រះមហាក្សត្រិយ៍ ព្រះចៅយូហួ «រាមាទី១០ នៃរាជវង្សចក្រី» បន្តពីអតីតព្រះមហាក្សត្រិយ៍ ព្រះចៅ «ភូមិពល អតុល្យតេជ»រាមាទី៩

«វជិរៈ» មានន័យថា ពេជ្រ កាំរន្ទះ ឬ ខ្សែរស្មីផ្លេកបន្ទោរ។ «អលង្ករណ៍» សម្ដៅលើ គ្រឿងប្រដាប់ សម្រាប់តុបតែងខ្លួន។

ព្រះនាមពេញ របស់ទ្រង់ មហាវជិរាលង្ករណ គឺ «វជិរាលង្ករណ បរមច័ក្រយាតិសរសន្តិវង្ស ទេវេស្រធាំរងសុបរិបាល អភិគុណូប្រៈការមហិត្លាតុលតេជ ភូមិពលនរេសួរាង្កូរ កិត្តិសិរិសម្បូរណ៍ស្វាង្គវឌ្ឍន៍ បរមខ័ត្តិយរាជកុមារ»

គោរម្យ៍ងារមុនគ្រងរាជ្យ ក្នុងនាមជារជ្ជទាយាទ បន្តរាជ្យ គឺ «សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ»

គោរម្យ៍ងារបច្ចុប្បន្ន បណ្ដោះអាសន្ន ក្នុងនាមជាព្រះចៅយូហួ គឺ «មហា វជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ»

king-bhumibol-adulyadej-and-prince-maha-vajiralongkorn

ព្រះចៅ ភូមិពល អតុល្យតេជ និង សម្ដេច មហា វជិរាលង្ករណ ស្យាមមកុដរាជកុមារ


រដ្ឋសភាជាតិថៃ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បានប្រកាសទទួលស្គាល់ សេចក្ដីអនុម័ត របស់គណៈរដ្ឋមន្ត្រីថៃ ក្នុងការអញ្ជើញរជ្ជទាយាទថៃ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរាជបុត្រា តែមួយអង្គគត់ របស់អតីតព្រះចៅ ភូមិពល អតុល្យតេជ ឲ្យឡើងគ្រងរាជ្យ បន្តអំពីព្រះរាជបិតា ជាព្រះមហាក្សត្រិយ៍ ថៃរជ្ជកាលទី១០ ឬរាមាទី១០។បន្ទាប់ពីប្រធានរដ្ឋសភា ប្រកាសទូលអញ្ជើញព្រះមហាក្សត្រិយ៍ថ្មី ឲ្យឡើងស្នងរាជ្យហើយ បណ្ដាសមាជិកសភាទាំងអស់ ក៏នាំគ្នាក្រោកឈរឡើង តាមការស្នើសុំរបស់ប្រធានរដ្ឋសភា ដើម្បីស្រែកបន្ទរពាក្យថា «សូមថ្វាយព្រះពរ» ព្រះចៅយូហួអង្គថ្មី យ៉ាងព្រមព្រៀងគ្នា។

សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរជ្ជទាយាទ ទ្រង់បានព្រះរាជទានវរោកាស យាងជួបជាមួយ ប្រធានសភាថៃ នាវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដោយទ្រង់បានទទួលយក ជាផ្លូវការ នូវការយាងឡើងគ្រង រាជ្យសម្បត្តិ ទៅតាមការសម្រេច របស់អង្គសភាថៃ។ សម្រាប់ពិធីនៅល្ងាចនេះ ក៏មានវត្តមានផងដែរ ពីលោកឧត្តមសេនីយ៍ «ប្រេម តិណសូលានន្ទ៍» អ្នកសម្រេចរាជការជំនួសព្រះអង្គ និង លោក «ប្រៈយុទ្ធ៍ ច័ន្ទ្រ៍ឱជា» ជានាយករដ្ឋមន្ត្រី ព្រមទាំង លោក «វីរៈពល ត័ងសុវណ៌» ប្រធានតុលាការកំពូល ចូលរួមចាត់ចែង កិច្ចការផ្សេងៗ ហើយអំឡុងពេលនោះ លោក «ពរពេជ្រ វិជិត ជលជ័យ» ប្រធានសភានីតិបញ្ញត្តិជាតិ បានទូលយាងអញ្ជើញព្រះអង្គ ដើម្បីប្រកាសពី ការឡើងគ្រងរាជ្យសម្បត្តិ តែម្តង។

បន្ទាប់ពីប្រធានរដ្ឋសភាជាតិថៃ អានប្រកាសក្រាបបង្គំ ទូលអញ្ជើញអង្គរជ្ជទាយាទ ឲ្យឡើងគ្រងរាជ្យជា ព្រះមហាក្សត្រិយ៍ បន្តរាជសន្តតិវង្សរួចមក អង្គរជ្ជទាយាទទ្រង់ក៏មាន ព្រះរាជតម្រាស់ ទទួលយល់ព្រម ឡើងគ្រងរាជ្យ ដោយមានព្រះរាជឱង្ការ នូវព្រះបន្ទូលសូរសីហនាទ ថា «ខ្ញុំសូមតបទទួល ដើម្បីស្នងព្រះរាជបណិធាន និង ដើម្បីប្រយោជន៍ របស់ប្រជាជនថៃទាំងពួង»

បន្ទាប់មក សម្ដេចព្រះចៅយូហួថ្មី រជ្ជកាលទី១០ ឬ រាមាទី១០ ទ្រង់ក្រាបបង្គំ ព្រះបរមឆាយាលក្សណ៍ ព្រះបរមរាជជនកនាថ និង ព្រះបរមជននីនៃព្រះអង្គ ព្រមថ្វាយរាជសក្ការៈ ចប់ស្រេចជា ព្រះមហាក្សត្រិយ៍អង្គថ្មី របស់ព្រះនគរថៃ។

សម្រាប់ព្រះមហាក្សត្រិយ៍អង្គថ្មី នៃនគរថៃនេះ ទ្រង់មានព្រះបរមាភិធេយ្យជា «សម្ដេចព្រះចៅយូហួ មហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ»

ទោះបីជាពិធីអញ្ជើញព្រះអង្គ ឡើងគ្រងរាជ្យជាផ្លូវការ នៅថ្ងៃនេះក្ដី តាមបូរាណរាជបវេណីថៃ ការរាប់រជ្ជកាលថ្មី គឺរជ្ជកាលទី១០នេះ ត្រូវរាប់ឡើងបន្តពី ថ្ងៃសុវណ្ណគត នៃអង្គព្រះមហាក្សត្រិយ៍មុន គឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មក ដោយមិនឲ្យមាន ថ្ងៃចន្លោះរជ្ជកាលនោះទេ៕៚

31279479916_4902be7c2e_o

រដ្ឋសភាថៃប្រកាសអញ្ជើញព្រះអង្គឡើងគ្រងរាជ្យ

31200847461_384f7e2ddb_o

សមាជិករដ្ឋសភាថៃ ក្រោកឈរថ្វាយព្រះពរ ព្រះមហាក្សត្រិយ៍អង្គថ្មី របស់ខ្លួន

ការទូលអញ្ជើញរជ្ជទាយាទថៃឡើងគ្រងរាជ្យ
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s